ឈាមពេជ្រ រំលេចពីខ្សែជីវិតតស៊ូនៃគ្រួសារស្រ្តីមេម៉ាយម្នាក់… គាត់មិនចុះចាញ់ព្យុះភ្លៀងជីវិតទេ ព្រោះគាត់ត្រូវចិញ្ចឹមកូនប្រុសស្រីរបស់គាត់ឱ្យធំ ដើម្បីក្លាយជាមនុស្សមានប្រយោជន៍ សោតឯកូនប្រុសរបស់គាត់វិញ ក៏ដើរតាមគន្លងធម៌ ចម្រើនវ័យក្នុងឧត្តមគតិ ក្លាយជាមនុស្សល្អ ស្គាល់ខុសស្គាល់ត្រូវ រស់នៅប្រកបដោយក្តីដឹងគុណ និងក្ដីស្រលាញ់… នេះគឺជាជីវិតដ៏សាមញ្ញមួយដែលធ្វើឱ្យខ្ញុំរំភើប!
វាជាអនុស្សាវរីយ៍សំខាន់មួយក្នុងជីវិតខ្ញុំ! ខ្ញុំធ្លាប់ស្រមៃចង់ក្លាយជាអ្នកនិពន្ធទំនុកច្រៀង តែក៏ធ្លាប់បោះបង់វិញ ព្រោះគិតថាវាមិនអាចកើតឡើងចំពោះខ្ញុំទេ… ប៉ុន្តែថ្ងៃមួយ ខ្ញុំក៏បានឡើងកាំជណ្ដើរក្រុមហ៊ុនហង្សមាស គឺ លោកគ្រូ ពេជ្រ ពណ្ណរាយ នាំខ្ញុំទៅទីនោះ។ អារម្មណ៍កាលណោះ ខ្ញុំគ្រាន់តែខំផ្ដិតទិដ្ឋភាពនៅជុំវិញខ្លួនឱ្យចាំ គ្មាននឹកថានឹងអាចធ្វើការនៅទីនោះទេ… ខ្ញុំយល់ថា ខ្លួនឯងមិនមែនជាមនុស្សមានសំណាងអីទេ គ្រាន់តែគេចារមកឱ្យខ្ញុំឧស្សាហ៍ជួបរឿងរ៉ាវប្លែកៗតែប៉ុណ្ណោះ ហើយគ្រប់យ៉ាងវាគ្រាន់តែជាការឆ្លងកាត់ ថ្ងៃនេះមាន ថ្ងៃស្អែកក៏បាត់ទៅវិញ… ក៏យល់ថាគ្រប់យ៉ាងក្នុងលោកនេះគឺធម្មតា គ្មានអីគួរឱ្យរំភើបខ្លាំង អ្វីៗសុទ្ធតែកើតឡើងពីហេតុផល សូម្បីតែការរាប់អានគ្នាក៏អ៊ីចឹង បើយើងមិនល្អ បើយើងមិនពូកែ គ្មានអ្នកណាគេមកនិយាយជាមួយយើងទេ… វាធ្វើឱ្យខ្ញុំលែងចង់បានអ្វីទាំងអស់… នឿយណាយ… តែក៏ពេញចិត្តដែលខ្លួនឯងកើតមក មិនសូវឆ្លាត មិនសូវស្អាត ហើយក៏ជាកូនអ្នកក្រ… មានត្រឹមខួរក្បាលចេះវិភាគប៉ុណ្ណឹងក៏ល្អ ព្រោះវិភាគដឹងថា អ្នកឆ្លាត អ្នកស្អាត អ្នកមាន ក៏គ្មានអីអស្ចារ្យដែរ គឺគ្រាន់តែរស់នៅក្នុងការបោកបញ្ឆោតតែប៉ុណ្ណោះ។
អារម្មណ៍ប្រែប្រួល អ្វីដែលខ្ញុំគិតមិនសុទ្ធតែត្រូវទេ… ខ្ញុំក៏បានឱកាសសាកល្បងសរសេរអត្ថបទចម្រៀង។ ខ្ញុំមិនសូវពូកែសរសេរទេ តែខ្ញុំត្រូវធ្វើឱ្យអស់ពីចិត្ត។ ឆាកជីវិតគឺបែបនេះ មិនបាច់រំភើបខ្លាំងទេ តែក៏គួរតែរៀនរកសុភមង្គលពីអ្វីដែលខ្លួនបានជួប រៀនញញឹមនឹងធ្វើកិច្ចការដែលជាកាតព្វកិច្ចរបស់ខ្លួន រៀនសប្បាយចិត្តនឹងជោគជ័យចៃដន់ដែលខ្លួនសម្រេចបាន។ ខ្ញុំខំសរសេរអត្ថបទចម្រៀងទាំងគិតថា តើស្នាដៃធម្មតារបស់ខ្ញុំនេះអាចច្រៀងដោយអ្នកចម្រៀងល្បីៗក្នុង ក្រុមហ៊ុននេះឬអត់?
អរគុណណាស់ ព្រោះនៅពេលដែលបទនេះចាក់តាមវិទ្យុដំបូងក៏មានអ្នកស្ដាប់គាំទ្រ ជាច្រើន។ ពាក្យពេចន៍ដែលខ្ញុំបានសរសេរអាចធ្វើឱ្យមនុស្សច្រើននាក់យំ… ស្ទើរតែមិនជឿ បើទោះជាពេលខ្លះខ្ញុំលេងលើច ធ្វើដូចជាអួតខ្លួនឯងនៅចំពោះមុខមិត្តភក្តិក៏ដោយ តែក្នុងចិត្តខ្ញុំពិតជាមិនចង់ជឿថា ស្នាដៃខ្ញុំមានអ្នកគាំទ្រឡើយ។
វាជាអត្ថន័យចម្រៀងទីមួយរបស់ខ្ញុំដែលបានចេញលក់ពីផលិតកម្ម រស្មីហង្សមាស ហើយវាក៏ទទួលបានការគាំទ្រ ដែលធ្វើឱ្យខ្ញុំក្លាយជាអ្នកនិពន្ធអត្ថបទចម្រៀងម្នាក់រហូតមកដល់ ពេលនេះ។